នៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ ឆ្នាំ២០១៤ មានការចូលរួមសហការដ៏អស្ចារ្យជាលើកដំបូងមួយ គឺវីរបុរសពីងពាង Spider-Man ត្រូវបានជ្រើសតាំងឱ្យក្លាយទៅជាអគ្គរាជទូតតំណាងកម្មវិធីបិទចរន្តអគ្គិសនី "Earth Hour" ដែលត្រូវបានរៀបចំដោយអង្គការ WWF (World Wide Fund for Nature) ជាមួយនឹងសារជំរុញទឹកចិត្តឱ្យមនុស្សទាំងអស់ចូលរួមកាត់បន្ថយការប្រើប្រាស់ចរន្តអគ្គិសនី ដើម្បីក្លាយជាវីរបុរសការពារពិភពលោកដូចមនុស្សពីងពាងដែរ ។

Earth Hour ជាកម្មវិធីដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំដែលតម្រូវឱ្យអ្នកចូលរួមទាំងអស់ផ្អាកប្រើប្រាស់ចរន្តអគ្គិសនីរយៈពេលចំនួនមួយម៉ោង ក្នុងគោលបំណងចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីជួយរក្សាការពារបរិស្ថាននៅជុំវិញខ្លួនឱ្យបានប្រសើរឡើង ។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកដែលបានចូលរួម គឺកាន់តែច្រើនឡើងៗ ពីកន្លែងមួយទៅកន្លែងមួយ និងពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ។
នៅក្នុងឆ្នាំនេះ កម្មវិធីបិទចរន្តអគ្គិសនី Earth Hour នឹងត្រូវបានចូលរួមដោយវីរបុរសពីងពាង Spider-Man នៅក្នុងភាពយន្ត The Amazing Spider-Man 2 ក៏ដូចជាតួអង្គសម្តែងរឿងផ្ទាល់ ដូចជា Andrew Garfield, Emma Stone, Jamie Foxx និងអ្នកដឹកនាំរឿងលោក Marc Webb ។ Andrew Garfield តួអង្គសម្តែងជាវីរបុរសពីងពាងបាននិយាយថា «ខ្ញុំពិតជាមានមោទនភាពណាស់ដែលវីរបុរសពីងពាងបានក្លាយទៅជាវីរបុរសអគ្គរាជទូតដំបូងគេបង្អស់តំណាងឱ្យកម្មវិធីបិទចរន្តអគ្គិសនី Earth Hour ដែលគាត់កំពុងតែបង្ហាញទៅមនុស្សទាំងអស់ថា យើងអាចក្លាយទៅជាវីរបុរសបាន ពេលដែលយើងបានប្រើថាមពលដែលយើងមានទៅជួយពិភពលោក» ។ គាត់ក៏បានបន្ថែមទៀតថា «កម្មវិធីបិទចរន្តអគ្គិសនី Earth Hour នេះបានក្លាយទៅជាហេតុផលមួយដែលជំរុញឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជុំវិញពិភពលោក ដូច្នោះហើយវាក៏ជាហេតុផលមួយដែលបានធ្វើឱ្យក្រុមការងារផលិតភាពយន្តមនុស្សពីងពាង Spider–Man របស់យើងចូលរួមនូវសកម្មភាពដ៏រំភើបនេះផងដែរ» ។
អំឡុងពេលនេះ ក៏មានកម្មវិធីរ៉ៃអង្គាសប្រាក់ Earth Hour Blue ថ្មីដែលជាចំណែកមួយអនុញ្ញាតឱ្យអ្នកចូលរួមជួយផ្តល់ជាប្រាក់តាមដែលអាចធ្វើបាន ដើម្បីយកទៅជួយមនុស្សទូទាំងពិភពលោកដូចជា ផ្តល់នូវចង្ក្រានថាមពលទៅដល់គ្រួសារនៅ Madagascar, ជួយសហគមន៍នៅប្រទេស Philippines កសាងទូក fiberglass ដើម្បីការពារទប់ទល់ពីគ្រោះធម្មជាតិផ្សេងៗ ដូចជា គ្រោះរលក Typoon Haiyan និងយកប្រាក់ទៅប្រើជាទំនុកបម្រុងសម្រាប់ប្រើប្រាស់នៅក្នុងសួន Table Mountain National Park នៅអាហ្វ្រិកខាងត្បូង និងសម្រាប់កិច្ចការផ្សេងៗទៀតដែលកំពុងរៀបចំសម្រាប់អនាគតដ៏ឆាប់។
អ្វីដែលធ្វើឱ្យវីរបុរសពីងពាងក្លាយទៅជាអគ្គរាជទូតតំណាងកម្មវិធីដ៏អស្ចារ្យនេះ គឺដោយសារតែការផលិតភាពយន្ត The Amazing Spider-Man 2 ថ្មីត្រូវផលិតឡើងដោយកាត់បន្ថយការចំណាយលើផលិតផលដែលប៉ះពាល់បរិស្ថាន ដូចជា ចៀសវាងមិនប្រើដបជ័រប្លាស្ទិកបានចំនួន១៩៣.០០០ដប, បរិច្ចាគនូវការដ្ឋាន និងគ្រឿងតុបតែងឆាក បន្ទាប់ពីថតចប់បានចំនួន៤៩តោន និងកាត់បន្ថយចំណីអាហារក្នុងពេលថតដែលអាចបម្រើដល់មនុស្សបាន៥.៦២០នាក់ផងដែរ ។ នេះជាហេតុផលមួយចំនួនដែលបង្ហាញឱ្យឃើញថា តួអង្គវីរបុរសពីងពាងពីភាពយន្ត The Amazing Spider-Man 2 ពិតជាតួអង្គតែមួយគត់ដែលសាកសមធ្វើជាតំណាងឱ្យការការពារបរិស្ថានសម្រាប់ពិភពលោកដ៏ប្រសើរជាងមុន ។
កម្មវិធីបិទចរន្តអគ្គិសនី និងអគ្គរាជទូតវីរបុរសពីងពាងរបស់ខ្លួន និងរួមគ្នាជំរុញទឹកចិត្តទៅមនុស្សទាំងអស់ឱ្យចូលរួមការពារពិភពលោក ដើម្បីក្លាយជាវីរបុរស ទោះបីអ្នកជាមនុស្សធម្មតាក៏ដោយ ៕
0 comments:
Post a Comment