មនុស្សយ៉ាងតិច១១នាក់បានត្រូវស្លាប់ ហើយជាង២០នាក់ទៀតត្រូវរបួសក្នុងការវាយប្រហារអត្តឃាតមួយកាលពីថ្ងៃទី៣ មីនា ប្រឆាំងតុលាការមួយនៅទីក្រុងអុីស្លាម៉ាបាដ ជាការវាយប្រហារបែបនេះលើកដំបូងនៅទីនោះពុំធ្លាប់មានចាប់តាំងពីជិត៣ឆ្នាំមកហើយ ។
យោងតាមប្រភពព័ត៌មានប៉ូលិសថា ពួកជនប្រដាប់អាវុធប៉ុនប៉ងជួយរំដោះមិត្តពួកគេម្នាក់ក្នុងចំណោមមិត្តពួកគេដែលត្រូវនាំខ្លួនមកកាន់តុលាការសង្កាត់ណានទី គឺតុលាការ F-8 ស្ថិតនៅកណ្តាលរដ្ឋធានីអុីស្លាម៉ាបាដ ។ ពួកជនវាយប្រហារបានបាញ់រះ បន្ទាប់មកគ្នាពួកគេ២នាក់បានធ្វើឱ្យគ្រឿងផ្ទុះដាក់ជាប់ខ្លួនផ្ទុះនៅក្បែរប៉ូលិស ។ មនុស្ស១១នាក់ត្រូវស្លាប់ ហើយ២៤នាក់ទៀតត្រូវរបួស ដោយអ្នករបួសប្រមាណជាពាក់កណ្តាលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
សាក្សីឃើញផ្ទាល់ភ្នែកម្នាក់និយាយថា នាវេលាម៉ោង៩ព្រឹកម៉ោងក្នុងស្រុក ជនប្រដាប់អាវុធប្រមាណជា១៥នាក់បានលើកមកព័ទ្ធជុំវិញតុលាការ ។ ពួកនោះបានលុកចូលក្នុងបន្ទប់សវនាការមួយរួចហើយបាញ់ប្រហារ ។ ពួកជនវាយប្រហារកាន់កាំភ្លើង AK និងមានគ្រាប់បែកដៃ ។ បណ្តាកងឯកភាពពិសេសរបស់បូ៉លិស កាលពីថ្ងៃទី៣ មីនា បានឡោមព័ទ្ធជុំវិញតុលាការនោះ ។
ការវាយប្រហារនោះពុំទាន់មានក្រុមណាប្រកាសទទួលខុសត្រូវនៅឡើយ ហើយកើតមាន២ថ្ងៃក្រោយការប្រកាសពីបទឈប់បាញ់គ្នារយៈពេល១ខែមួយរបស់ពួកតាលីបង់ ប៉ាគីស្ថាន ដើម្បីជំរុញការចរចាសន្តិភាពជាមួយរដ្ឋាភិបាល។ ជាការឆ្លើយតបចំពោះការប្រកាសបទឈប់បាញ់គ្នានោះរបស់ពួកតាលីបង់ រដ្ឋាភិបាលប៉ាគីស្ថានប្រកាសនាថ្ងៃទី២ មីនា ផ្អាកការវាយឆ្មក់តាមអាកាសរបស់ខ្លួនដែរ តែរក្សាសិទ្ធិឆ្លើយតបវិញសមស្របចំពោះរាល់ការរំលោភបំពានលើបទឈប់បាញ់នោះ ៕
0 comments:
Post a Comment