ប្រភពមកពីកោះសន្ដិភាព

តារាស្រីទាំង១០រូប ដែលចូលខ្លួនប្រកួតប្រជែងយកពានឆ្នាំ២០១៤នេះរួមមាននាងព្រីម មន្ថា កញ្ញាអាលីហ្សា កញ្ញាថន លក្ខិណា នាងឡោម លក្ខិណា កញ្ញាលី ច័ន្ទសីហា នាងចាន់ស្រីរ័ត្ន កញ្ញាដួង មា៉ណា នាងពៅ លីដា តារាកំប្លែងនាងលន់ ដាណេ និងកញ្ញានៅ សុនីតា ។តាមការឱ្យដឹងពីជំនួយការកម្មវិធីពានរង្វាន់អប្សរាកាលពីពេល ថ្មីៗនេះថា ដើម្បីឆ្លើយតបការគាំទ្រពីទស្សនិកជននោះ ទូរទស្សន៍អប្សរាដែលមានលោកហ្វៃ សំអាង ជាអ្នករៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់អប្សរា សម្រេចរៀបចំកម្មវិធីសម្រាប់រដូវកាលឆ្នាំ២០១៤ទៀត។ តារាប្រុស១០រូប និងតារាស្រី១០រូបត្រូវលោកហ្វៃ សំអាង ជ្រើសរើសរួចរាល់ហើយ ឱ្យពួកគេបញ្ចេញទេពកោសល្យដើម្បីដណ្តើមពានអប្សរាវគ្គ២ ។
ថ្វីដ្បិតតែវគ្គ១ចប់ទៅមែន តែនៅបន្តវគ្គថ្មី ។ ដូច្នេះតារាទាំងអស់ដែលមហាជនបានស្គាល់យា៉ងច្បាស់រួចទៅហើយនោះ ត្រូវលោកហ្វៃ សំអាង ឱ្យបញ្ចេញទេពកោសល្យជាមួយភាពតស៊ូអត់ធ្មត់ និងគោរពពេលវេលា ។ តារាទាំងអស់នៅពេលប្រកួតមានការពិនិត្យពិច័យយា៉ងខ្លាំងតាំងពីការសម្តែង ពេលវេលាបង្ហាញមុខ និងភាពព្យាយាម ព្រោះកម្មវិធីប្រលងនោះដូចឆ្នាំចាស់អីុចឹង ។ ការប្រកួតពេញមួយឆ្នាំ២០១៤ដែលជាពេលវេលាយូរ បើចង់បានពានត្រូវតែខំ អ្នកណាខំពិតជាមានអនាគតល្អ ហើយបានទទួលការកោតសរសើរ និងមានស្នាដៃនៅក្នុងទំព័រសិល្បៈទុកថ្ងៃក្រោយសម្រាប់បង្ហាញអ្នកជំនាន់ថ្មី ឬកូនចៅរបស់ខ្លួន ។
វិញ្ញាសាដែលតម្រូវឱ្យប្រកួតប្រជែងក្រោមការដាក់ពិន្ទុពីគណៈកម្មការ និងការផ្ញើសារគាំទ្រពីមហាជនគ្រប់ទីកន្លែងនោះរួមមានរបាំបុរាណ ចម្រៀងយីកេ និងបាសាក់ ចម្រៀងសម័យ ការសម្តែងរឿងខ្លីបែបបុរាណ និងសម័យដែលបង្ហាញពីការអប់រំ សម្តែងសៀក និងច្រៀងត្រាប់តាមតារាចម្រៀងបរទេសជាដើម ។ កញ្ញាដួង ម៉ាណា ដែលប្រសូតចេញពីកម្មវិធីប្រលងស្រីស្រស់ប្រុសស្អាតជាប់តំណែងជាស្រីស្អាតប្រចាំខេត្តព្រះសីហនុ និងបច្ចុប្បន្នជាពិធីការិនីនៅទូរទស្សន៍អប្សរាឱ្យដឹងថា ពីដំបូងនាងមិនចង់ប្រកួតប្រជែងទេ តែមកពីរៀមច្បងប្រាប់ថា ឱ្យសាកល្បងទៅដើម្បីចង់ដឹងថា ខ្លួនពូកែសម្តែងក្នុងឈុតឆាករបៀបណានោះ ទើបនាងសម្រេចចិត្តប្រកួត ។
ម្យ៉ាងទៀតគិតថា មានឈ្មោះក្នុងពិភពសិល្បៈដូចគេដែរ បើបានប្រកួតប្រជែងយកពាននឹងគេនោះជារឿងមួយល្អ គ្រាន់ទុកជាភស្តុតាងទៅថ្ងៃក្រោយប្រាប់គេឯង ឬកូនចៅថាកាលនៅក្មេងមានប្រវត្តិបានពានរង្វាន់សិល្បៈ៕
0 comments:
Post a Comment