ខេត្តកណ្តាល ៖ បណ្ណាល័យសម្តេចតេជោ ហ៊ុន សែន សំរោងលើមួយខ្នង ដែលស្ថិតក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំរោងលើ ស្រុកអង្គស្នួល ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា កាលពីព្រឹកថ្ងៃទី៣ មីនា ២០១៤ ក្រោមការអញ្ជើញចូលរួមពីលោកឌួង ឆាយ និងលោកស្រី ដែលជាតំណាងឱ្យលោកឧញ៉ា ឌួង ងៀប ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំសំរោងលើ និងលោកជំទាវ ដែលត្រូវជាមាតាបិតា លោកវណ្ណា រ័ត្ន អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំសំរោងលើ និងមានការចូលរួមពីក្រុមការងារគ្រប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណជា៣០០នាក់ ។

ក្នុងឱកាសនោះ លោកឌួង ឆាយ បានមានប្រសាសន៍ថា នៅថ្ងៃខាងមុននេះ មិនយូរប៉ុន្មាន ក្រោយការបញ្ចុះបឋមសិលាសាងសង់អាគារបណ្ណាល័យនេះរួច កិច្ចដំណើរការសាងសង់នឹងត្រូវចាប់ផ្តើមដោយចំណាយថវិកាសាងសង់ និងសម្ភារប្រមាណជាង២ម៉ឺនដុល្លារអាមេរិក ហើយបណ្ណាល័យនេះនឹងបម្រើជូន និងបង្កើននូវចំណេះវិជ្ជាដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងភូមិ-ឃុំសំរោងលើជាក់ជាមិនខាន និងជាក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំសម្រាប់ថ្ងៃអនាគត ។ ជាមួយគ្នានេះ លោកឌួង ឆាយ បានបញ្ជាក់ថា អគារបណ្ណាល័យនេះមិនមានប្រកាន់និន្នាការនយោបាយគណបក្សណានោះទេ ម្នាក់ៗអាចចូលរកឯកសារមកសិក្សាដោយសេរី ហើយទីណាមានគណបក្សប្រជាជនកម្ពុជា ទីនោះមានការអភិវឌ្ឍន៍ ។
0 comments:
Post a Comment