មន្ត្រីជាន់ខ្ពស់របស់អុីរ៉ាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអុីរ៉ាក់បាននាំចេញប្រេង២,៨លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែកុម្ភៈ ពោលគឺជាកំណើនច្រើនបំផុតប្រចាំខែ ហើយជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជិត២៥ឆ្នាំនេះ ។ លោក Hussein al-Shahristani ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការថាមពល បានថ្លែងប្រាប់អ្នកកាសែតនៅទីក្រុងកំពង់ផែបាស្រា ថា ផលិតកម្មប្រេងបានឈានដល់៣,៥លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែកុម្ភៈ ហើយយើងបាននាំចេញប្រេង២,៨លានបារ៉ែល ក្នុងមួយ ថ្ងៃ ។

កាលពីឆ្នាំ២០១២ នៅពេលដែលការនាំចេញប្រចាំថ្ងៃជាមធ្យមឈានដល់២,៥លានបារ៉ែលក្នុងមួយថ្ងៃ ក្រសួងប្រេងនិយាយថា វាជាតួលេខខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៩ ។
ប្រេងឆៅរបស់អុីរ៉ាក់ភាគច្រើនត្រូវបាននាំចេញតាមកំពង់ផែសមុទ្រភាគខាងត្បូងជិតទីក្រុងបាស្រា ប៉ុន្តែផ្នែកសំខាន់គឺកាត់តាមបំពង់បង្ហូរប្រេងភាគខាងជើង ដែលតែងតែត្រូវបានដាក់គ្រាប់បែកបំផ្ទុះដោយពួកសកម្មប្រយុទ្ធ ។ អុីរ៉ាក់ជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចេញប្រេង ហើយរដ្ឋាភិបាលកំពុងស្វះស្វែងបង្កើនការលក់ ដើម្បីផ្តល់មូលនិធិដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតរបស់ខ្លួន ។មន្ត្រីប្រទេសអុីរ៉ាក់មានបំណងបង្កើនសមត្ថភាពផលិតឱ្យបានដល់៩លានបារ៉ែលក្នុងមួយថ្ងៃនាឆ្នាំ២០១៧ ជាគោលដៅដែលទីភ្នាក់ងារថាមពលរអន្តរជាតិ និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា មានសុទិដ្ឋិនិយមជ្រុល ៕
0 comments:
Post a Comment