ប្រភពមកពីកោះសន្តិភាព
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា កាលពីព្រឹកថ្ងៃទី២ មីនា បានធ្វើសន្និសីទកាសែតស្ដីពីការផ្លាស់ប្ដូរឈ្មោះពីសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (TFC) ទៅជាកីឡាវាយកូនបាល់កម្ពុជា (Tennis Cambodia) និងបង្ហាញស្លាកសញ្ញាឡូហ្គោថ្មីដែលរចនាឡើងជាមួយនឹងអត្តសញ្ញាណថ្មីក្រោមការចូលរួមពីលោកទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា កញ្ញា Hisae Arai ជនជាតិជប៉ុនជាទូតសុច្ឆន្ទៈរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ព្រមទំាងភ្ញៀវកិត្តិយស និងកីឡាករជាច្រើនរូបទៀត ។

បន្ទាប់ពីបញ្ចប់សន្និសីទកាសែត សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានរៀបចំពិធីអបអរសាទរទិវាកីឡាវាយកូនបាល់ពិភពលោក«World TennisDay»ផងដែរស្របពេលដែលប្រទេសជាច្រើនលើពិភពលោកបានធ្វើជាបន្តបន្ទាប់ដោយមានការចូលរួមពីឪពុកម្តាយក្មេងៗកីឡាករ-កីឡាការិនី និងអ្នកគាំទ្ររាប់រយនាក់នៅឯមជ្ឈមណ្ឌលកីឡា(CCC)ពោរពេញដោយភាពរីករាយក្នុងគោលបំណងផ្សព្វផ្សាយកីឡាវាយកូនបាល់កម្ពុជា និងអត្ថប្រយោជន៍របស់វាសម្រាប់មនុស្សគ្រប់វ័យ និងអត្តពលិកគ្រប់កម្រិត ។
កញ្ញា Hisae Arai ដែលជាទូតសុច្ឆន្ទៈរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាអតីតបវរកញ្ញារបស់ប្រទេសជប៉ុនបានបើកកម្មវិធីជាផ្លូវការរយៈពេលប្រមាណជាបួនម៉ោងក្នុងការរក្សាការផ្សារភ្ជាប់ជាមួយនឹងគោលដៅរបស់ទិវាកីឡាវាយកូនបាល់ពិភពលោកទៅលើការផ្សព្វផ្សាយនិងការបង្កើននូវការចូលរួមក្នុងកីឡានេះ ។ សកម្មភាពមួយផ្នែកធំនឹងទាក់ទិនជាមួយនឹងក្រុមក្មេងៗទាំងកំពុងតែលេងកីឡានេះរួចជាស្រេច ឬក៏អ្នកទាំងឡាយណាដែលមានបំណងក្នុងការចាប់ផ្តើមលេង ។ កញ្ញាHisae Arai បានឱ្យដឹងថា កញ្ញាចូលរួមនៅក្នុងសកម្មភាពជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយវិស័យកីឡាវាយកូនបាល់ដល់ប្រជាពលរដ្ឋកម្ពុជា និងយុវវ័យកម្ពុជាឱ្យចូលចិត្តនិងស្រឡាញ់កីឡាវាយកូនបាល់ជាពិសេសគឺចង់បំផុសឱ្យប្រភេទកីឡាមួយនេះមានសកម្មភាពរីកដុះដាលកាន់តែខ្លាំងក្លានៅកម្ពុជា ។
គួរបញ្ជាក់ផងដែរថា ទីលានចំនួនបីនៅឯមជ្ឈមណ្ឌលCCCបានប្រែក្លាយជាទីលានតូចៗជាច្រើនសម្រាប់ក្មេងៗលេងកីឡានេះ ។ ក្មេងៗទាំងនោះក៏នឹងមានឱកាសមួយក្នុងការចំណាយពេលវេលានៅលើទីលានជាមួយនឹងកីឡាករនៃក្រុមជម្រើសជាតិមួយចំនួនផងដែរ ។ ក្រៅពីជំនាញកីឡាវាយកូនបាល់អ្នកចូលរួមក៏នឹងដឹងពីសារសំខាន់នៃទិដ្ឋភាពបរិស្ថាន និងបញ្ហាអាហារ និងសុខភាពផងដែរ ៕
0 comments:
Post a Comment