Wednesday, December 18, 2013

រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ពញ្ញាក់​អារម្មណ៍​ទស្សនិក​ជន​ឱ្យ​ស្រឡាញ់​ព្រៃ​ឈើ​

ប្រភពមកពីកោះសន្តិភាព

រាជធានីភ្នំពេញ​ ៖ នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ដែល​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៧​ ធ្នូ​ ឆ្នាំ​២០១៣​ នៅ​រោង​ភាព​យន្ត​ Platinum Cineplex ស្ថិត​នៅ​ជាន់​ទី​៥​ ផ្សារ​ទំនើប​សូរិយា​ ផលិត​ករ​ និង​តួ​សម្តែង​បាន​បង្ហាញ​ការ​លំបាក​មួយ​ចំនួន​ក្នុង​ការ​ផលិត​ និង​សម្តែង​នៅ​ក្នុង​រឿង​ «វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​» ដែល​បាន​ផលិត​ចប់​រួច​រាល់​ហើយ​នោះ​ ។​
ផលិត​ករ​ និង​អ្នក​ដឹក​នាំ​រឿង​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ បាន​និយាយ​ថា​ ទម្រាំ​បាន​ចេញ​ជា​ខ្សែ​រឿង​មួយ​នេះ​ គឺ​អ្នក​ស្រី​ជួប​ការ​លំបាក​ច្រើន​ ព្រោះ​នេះ​ជា​រឿង​បុរាណ​ដំបូង​របស់​អ្នក​ស្រី​ ក្នុង​ការ​ងារ​ជា​ផលិត​ករ​ជាង​២០​ឆ្នាំ​មក​នេះ​ ។​ អ្វី​ដែល​ពិបាក​ទៀត​នោះ​ គឺ​ក្នុង​រឿង​នេះ​អ្នក​ស្រី​ត្រូវ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង ​សម័យ​កាល​ ការ​ស្លៀក​ពាក់​ និង​ការ​តុប​តែង​ខ្លួន​ ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ ព្រោះ​សម័យ​នោះ​អ្នក​ស្រី​កើត​មិន​ទាន់​ឡើយ​ ។​ ម៉្យាង​វិញ​ទៀត​ នៅ​ក្នុង​ប្រទេស​របស់​យើង​ ការ​ថត​ភាព​យន្ត​បុរាណ​គឺ​ជួប​បញ្ហា​ ដោយ​សារ​តែ​ខ្វះ​ស្ទូឌី​យោ​ថត​ និង​ឧករណ៍​សម្ភារ​ ។​
អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ និយាយ​ថា​ «ដោយ​សារ​តែ​យើង​គ្មាន​ស្ទូឌីយោ​ថត​នេះ​ហើយ​ ដែល​ខ្ញុំ​ត្រូវ​ស្វែង​រក​ទីកន្លែង​ណា​ដែល​សម​រម្យ​ និង​មាន​សភាព​ស្ងប់​ស្ងាត់​ ប៉ុន្តែ​​យើង​នៅ​តែ​ជួប​បញ្ហា​ដោយ​សារ​ពេល​កំពុង​តែ​ថត​នោះ​ ពេល​ខ្លះ​ស្រាប់​តែ​មាន​ឮ​សំឡេង​ម៉ូតូ​ រថយន្ត​ និង​ត្រាក់​ទ័រ​កំពុង​តែ​បើក​ ហេតុ​នេះ​យើង​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ថត​មួយ​ ប្លង់ៗ​ ។​ ពិបាក​ដែរ​ដោយ​សារ​តែ​ប្រទេស​យើង​ឥឡូវ​នេះ​ទោះ​នៅ​តំបន់​ដាច់​ស្រយាល​ក៏​មាន ​ម៉ូតូ​ជិះ​ ហើយ​កសិករ​យើង​ឥឡូវ​ក៏​មិន​សូ​វ​ប្រើ​គោ​ ក្របី​ដើម្បី​ភ្ជួរ​ស្រែ​ទៀត​ គឺ​គេ​ច្រើន​ប្រើ​ត្រាក់​ទ័រ​ និង​ឧបករណ៍​ទំនើប​ ផ្សេងៗ​ទៀត​ ដែល​សំឡេង​ទាំង​នោះ​នាំ​ឱ្យ​រំខាន​នៅ​ក្នុង​ការ​ថត​» ។​
អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ មាន​មោទន​ភាព​នឹង​វណ្ណ​កម្ម​ថ្មី​នេះ​ ព្រោះ​រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ ជា​សារព​ញ្ញាក់​អារម្មណ៍​ទស្សនិក​ជន​ឱ្យ​ចេះ​ស្រឡាញ់​ព្រៃ​ឈើ​ ពិសេស​គឺ​ឆ្លុះ​បង្ហាញ​ពី​រឿង​មួយ​ដែល​មនុស្ស​យើង​ទំនង​មិន​បាន​នឹក​ដល់​ គឺ​ទុក្ខ​ខ្លោច​ផ្សារបស់​ឈើ​គ្រញូង​ ដែល​ត្រូវ​គេ​កាប់​បំផ្លាញ​ ។​ អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ រំពឹង​ថា​ «វិញ្ញាណ​លោក​ម្ចាស់​គ្រញូង»​ នឹង​ក្លាយ​ជា​ចំណែក​តូច​មួយ​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ឈើ​ គ្រញូង​ បើ​ទោះ​បី​ជា​ខ្សែ​ភាព​យន្ត​ដែល​មាន​រយៈ​ពេល​ត្រឹម​២ម៉ោង​នេះ​មិន​អាច​ទប់​ ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​ស្រុង​ក្តី​ ។​
កញ្ញា​ម៉ាក​ សែន​សូនីតា​ ហៅ​តូតា​ ដែល​ជា​តួ​អង្គ​ឯក​ស្រី​នៅ​ក្នុង​រឿង​ និយាយ​ថា​ នេះ​ជា​រឿង​លើក​ដំបូង​ហើយ​ដែល​នាង​យល់​ថា​ វា​មាន​ភាព​លំបាក​សម្រាប់​អាជីព​សម្តែង​របស់​នាង​ ។​ លំបាក​ត្រង់​ថា​ នេះ​ជា​លើក​ទី​មួយ​ដែល​នាង​ត្រូវ​សម្តែង​ ដោយ​យក​សំឡេង​ផ្ទាល់​ ហើយ​ជា​រឿង​បុរាណ​ដែល​តម្រូវ​ឱ្យ​នាង​រៀប​ចំ​ការ​និយាយ មួយៗ​ សុភាព​រាប​សា តាម​មនុស្ស​សម័យ​បុរាណ​ ដែល​វា​ខុស​ពី​លក្ខណៈ​ដើម​របស់​នាង​ដែល​និយាយ​ ញាប់ៗ​ ។​ ក្នុង​នោះ​ក៏​មាន​ឈុត​មួយ​ដែល​ធ្វើ​ឱ្យ​នាង​មាន​ការ​បារម្ភ​ផង​ដែរ​ គឺ​ឈុត​ដុត​ទីង​មោង​ដែល​តម្រូវ​ឱ្យ​នាង​រត់​កាត់​ភ្លើង​ ដែល​អាច​ឱ្យ​នាង​រលាក​ប្រសិន​បើ​មាន​ការ​​ប្រហែស​បន្តិច​ ។​ យ៉ាង​ណា​ក៏​ដោយ​ នាង​មាន​ទំនុក​ចិត្ត​ដោយ​សារ​តែ​អ្នក​ដឹក​នាំ​រឿង​បាន​ត្រៀម​រៀប​ចំ​ជា​ ស្រេច​នូវ​សម្ភារ​មួយ​ចំនួន​ក្នុង​ករណី​ដែល​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ ។​ ក្នុង​នាម​ជា​តារា​សម្តែង​មួយ​រូប​ នាង​នៅ​តែ​អាច​ធ្វើ​បាន​ និង​សង្ឃឹម​ថា​ រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិក​ជន​ ។​
ដោយ​ឡែក​តួ​អង្គ​ឯក​ប្រុស​នៅ​ក្នុង​រឿង​លោក​អ៊ុន​ សុធា​ និយាយ​ថា​ រឿង​នេះ​លោក​ក៏​មាន​ការ​លំបាក​ដែរ​ ដោយ​សារ​នេះ​ជា​រឿង​ទីមួយ​ហើយ​ ដែល​លោក​បាន​សម្តែង​ជា​តួអង្គ​ដួង​ព្រលឹង​ ដែល​លោក​មិន​ធ្លាប់​បាន​សម្តែង​ពី​មុន​មក​ឡើយ​ ។​ ប៉ុន្តែ​ដោយ​សារ​តែ​បាន​ការ​បង្ហាត់​បង្ហាញ​ពី​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ ទើប​លោក​អាច​សម្រេច​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​សម្តែង​ក្នុង​​ខ្សែ​ភាព​យន្ត​ មួយ​នេះ​ ។​
វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ ជា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​២០១៣​នេះ​ ក្រោម​ការ​វិនិយោគ​ផលិត​ពី​ក្រុម​ហ៊ុន​ Sabay Digital Corporation ជាមួយ​ផលិត​កម្ម​ផ្កាយ​ប្រាំ​របស់​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ ។ រឿង​នេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២៧​ ធ្នូ​ ឆ្នាំ​២០១៣​តទៅ​ នៅ​រោង​ភាព​យន្ត​លុច្ស​ និង​រោង​ភាព​យន្ត​បារាយណ៍​អណ្តែត​ ខេត្ត​សៀម​រាប​ និង​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៤​ បញ្ចាំង​នៅ​រោង​ភាព​យន្ត​ Platinum Cineplex និង​ Legend ៕​

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់