រាជធានីភ្នំពេញ ៖ ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា ត្រូវបានផ្គូផ្គងឱ្យប្រកួតជាមួយកីឡាករប្រេស៊ីល Adayton ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនៅសង្វៀនស្ថានីយទូរទស្សន៍រាជធានីភ្នំពេញ បុ៉ស្តិ៍លេខ៣ ថ្ងៃអាទិត្យ ទី១៦ កុម្ភៈ ខាងមុខនេះ ខណៈ រឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍ ត្រូវជួបជាមួយកីឡាករប្រេស៊ីល Jose Neto ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមដូចគ្នា ។
Adayton ធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជាជាច្រើនលើករួចមកហើយ និងធ្លាប់ដណ្តើមខ្សែក្រវាត់ពីកីឡាករកម្ពុជាទៀតផង ។ អ្វីដែលធ្វើឱ្យគេកាន់តែមានការកត់សម្គាល់ថែមទៀតនោះ គឺ Adayton មុននឹងដណ្តើមបានខ្សែក្រវាត់ គេបានផ្តួលកំពូលអ្នកប្រើស្នៀតកណ្តាប់ដៃ ពេជ្រ សីហា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិចំនួន២លើក និងបានយកឈ្នះកីឡាករឡុង សុវណ្ណឌឿន មកពីក្លិបឡុងសាលវ័ន្តកីឡាដោយពិន្ទុផងដែរ ។ បុ៉ន្តែសម្រាប់ការមកជួប ឡុង សុភី លើកនេះគេអត់ទាន់ដឹងថា យ៉ាងណានោះទេ ។ Adayton ក៏ជាកំពូលអ្នកប្រើស្នៀតកែង និងជង្គង់យ៉ាងស្ទាត់ជំនាញម្នាក់ដែរ ឯស្នៀតដៃនិងស្នៀតជើងកាន់តែអស្ចារ្យថែមទៀត ។ ចំណែក ឡុង សុភី គេមិនបាច់និយាយឡើយ ព្រោះអីស្នៀតកែងនិងជង្គង់របស់គេអស្ចារ្យខ្លាំងណាស់ ។ ស្នៀតជង្គង់អាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន តែកម្លាំងទៅមិនរួច Adayton ឡើយ ទោះបីមាឌ និងកម្ពស់មិនលើសគ្នាក៏ដោយ ។ ដូច្នេះគូនេះគ្មាននរណាហ៊ានទស្សន៍ទាយលទ្ធផលទុកមុនបានឡើយ មានតែរង់ចាំមើលការប្រកួតជាក់ស្តែងបុ៉ណ្ណោះ ។
Jose Neto មិនធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជាឡើយ ដូច្នេះ រឿង សោភ័ណ្ឌ មានការលំបាកបន្តិចព្រោះអីទាំងសងខាងសុទ្ធតែមិនធ្លាប់ស្គាល់ពីប្រវត្តិប្រកួតច្បាស់លាស់ដូចគ្នា ។ ទោះបីយ៉ាងណា អ្នករៀបចំកម្មវិធីប្រកួតកីឡាប្រចាំបុ៉ស្តិ៍លេខ៣ បានអះអាងថា កីឡាករប្រេស៊ីលរូបនេះខ្លាំងគួរសម និងធ្លាប់ធ្វើការអុកឡុកសង្វៀនប្រទេសថៃ ដោយការវាយផ្តួលកីឡាករថៃឱ្យចាញ់នៅក្រោមកណ្តាប់ដៃរបស់គេមិនតិចនាក់ឡើយ ។ បុ៉ន្តែសម្រាប់ការមកជួប រឿង សោភ័ណ្ឌ លើកនេះមិនទាន់ដឹងថាយ៉ាងណានោះទេព្រោះអី រឿង សោភ័ណ្ឌ មិនមែនជាជើងអន់នោះឡើយ ។ ម្យ៉ាងវិញទៀត មួយរយៈមកនេះយីអ៊ុនរបស់ រឿង សោភ័ណ្ឌ ឡើងខ្ពស់គួរសម ប្រកួតមិនសូវដែលចាញ់ តែគេក៏មិនហ៊ានអួតទុកមុនពេលជួបជាមួយ Jose Neto លើកនេះដែរ គឺអាស្រ័យទៅលើការសាកកម្លាំងគ្នាមើលសិនបុ៉ណ្ណោះ ។
ក្រៅពីគូអន្តរជាតិនេះទៅ នៅលើសង្វៀនដដែលក៏មានការប្រកួតរវាងកីឡាករម៉ន ចាន់ដារ៉ា មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯងកីឡា និងកីឡាករសល់ ប៊ុនអុីម មកពីក្លិបអាស៊ីកីឡា និងកីឡាករនន់ ជំនិត មកពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ជួបជាមួយកីឡាករហុីម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ៕
0 comments:
Post a Comment