Bubba Watson បានក្លាយជាអ្នកលើកពានជើងឯកកម្មវិធី Northern Trust Open នៅ ក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យទី១៦ កុម្ភៈ បន្ទាប់ពីធ្វើបានពិន្ទុ ៧អាន់ឌ័រ ៦៤បន្ថែមទៀតក្នុងជុំផ្តាច់ព្រ័ត្រ ។ កម្មវិធីប្រកួតដែលមានទឹកប្រាក់រង្វាន់សរុប ៦លាននិង៧សែនដុល្លារអាមេរិកនេះត្រូវបានរៀបចំធ្វើនៅទីលាន Riviera Country Club រដ្ឋកាលីហ្វ័រនីញ៉ា ។
Watson ឆ្លងកាត់ការប្រកួត៤ជុំធ្វើបានលទ្ធផល១៥អាន់ឌ័រ ២៦៩នាំមុខ២សត់លើកីឡាករមិត្តរួមជាតិ Dustin Johnson ។ Johnson ឆ្លងកាត់៤ជុំប្រកួតធ្វើបានលទ្ធផល១៣អាន់ឌ័រ ២៧១ ។ ចំណែកកីឡាករអាមេរិក២នាក់ផ្សេងទៀតBrian Harman និង Jason Allred បញ្ចប់ការការប្រកួតក្នុងលទ្ធផលស្មើគ្នាគឺ១២អាន់ឌ័រ ២៧២ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ស្ទួន ។
ដោយឡែកកីឡាករអាហ្វ្រិកខាងត្បូង Charl Schwartzel បញ្ចប់ការប្រកួតធ្វើបានលទ្ធផលសរុប១១អាន់ឌ័រ ២៧២ ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ។សម្រាប់ Watson នេះគឺជាជ័យជម្នះពានជើងឯកសមាគម US PGA Tour លើកទី៥របស់គេហើយ ។ រយៈពេលជិត២ឆ្នាំមកនេះ Watson មិនធ្លាប់បានយកឈ្នះពានជើងឯកកម្មវិធីណាមួយនោះទេ ។ ថ្លែងបន្ទាប់ពីដណ្តើមបានពានជើងឯក កីឡាករវ័យ៣៥ឆ្នាំរូបនេះបានបញ្ជាក់ថា៖«ខ្ញុំពិតជាធូរស្រាលក្នុងចិត្តយ៉ាងខ្លាំងដែលទទួលបានជ័យជម្នះជាលើកទី១រយៈពេលជិត២ឆ្នាំមកនេះ ។ ប្រសិនជាយើងចង់ឈ្នះជើងឯក យើងចាំបាច់ត្រូវតែវាយ Putting នៅថ្ងៃចុងក្រោយឱ្យបានល្អ ។ ថ្ងៃនេះខ្ញុំធ្វើបានបែបនោះហើយ» ។
ដោយឡែក ការបែងចែកប្រាក់រង្វាន់វិញ Watson ម្ចាស់ជើងឯកទទួលបាន១លាន និង២០ម៉ឺនដុល្លារអាមេរិកខណៈ Dustin Johnsonទទួលបាន ៧២ម៉ឺននិង៣ពាន់៦០០ដុល្លារ ។ កីឡាករ Allred និង Harman ដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣ស្ទួន ទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ៗ ៣៨ម៉ឺននិង៨.៦០០ដុល្លារអាមេរិក ៕
0 comments:
Post a Comment